ផ្លូវណាក៏ជាប់ដែរ! ចាប់ខ្លួនបុរស២នាក់ លួចដឹកមនុស្សតាមផ្លូវទឹក ចេញពីព្រែកព្នៅ ទៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកកំពង់ត្រឡាច បន្ទាប់មកបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សខុសច្បាប់ ចេញពីក្រុងភ្នំពេញមកកាន់ខេត្តកំពង់ឆ្នាំង ដោយបានបំពានបម្រាម នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

លោកអធិការស្រុកកំពង់ត្រឡាច បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា បុរសទាំង២នាក់ ដែលបានល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ ទី១. ឈ្មោះ យ៉ង់ ហឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ និងទី២. ឈ្មោះ យ៉ង់ ចាន់ទុំ អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ពួកគេទាំងពីរនាក់ បានបើកកាណូតបាឡាស្មាច់មួយគ្រឿង ទៅដឹកយកប្អូនថ្លៃស្រីរបស់ខ្លួន នៅចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ។

លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា បុរសទាំងពីរនាក់ បានបើកបាឡាស្មាច់មួយគ្រឿង ទៅដឹកយកប្អូនថ្លៃរបស់ខ្លួន នៅវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយមានមនុស្ស៣នាក់ ក្នុងនោះមានស្រី២នាក់ ដែលបានរង់ចាំនៅចំណុចក្បែរស្ពានព្រែកព្នៅ ពួកគេបានដឹកមនុស្សទាំង៣នាក់នោះ មកកាន់ភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីបានដាក់មនុស្សប្រុសស្រីទាំង៣នាក់នៅនឹងភូមិខាងលើនេះរួចហើយ ពួកគេទាំងពីរនាក់ ក៏បានបើកបាឡាស្មាច់១គ្រឿង ត្រឡប់មកលំនៅដ្ឋានរបស់គេវិញ នៅថ្ងៃដដែលនោះផងដែរ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា ករណីនេះមិនអាចលើកលែងឱ្យបានទេ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លោកនឹងឲ្យមន្ត្រីជំនាញរបស់លោក កសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

You might like