មន្ត្រីយោធានិងសង្សារ រួមទាំងមិត្តភក្តិ ផឹកស៊ីស្រវឹង បើកឡានបំពានគោលដៅ «បិទខ្ទប់» នៅក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ

កណ្តាល៖មន្ត្រីយោធានៅនាយកដ្ឋាន វិស្វកម្ម នៃក្រសួងការពារជាតិ និង សង្សារ ព្រមទាំងមិត្តភក្តិ បាននាំគ្នាផឹកស៊ីយ៉ាងសប្បាយ រួចបើករថយន្តមកបំពាន នៅចំណុចគោលដៅ «បិទខ្ទប់» ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ពាក់ព័ន្ធការរារាំងវិធានការរដ្ឋបាលរបស់សមត្ថកិច្ច ។

ហេតុការណ៍ នេះ កើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១៖៤០នាទី នៅចំណុចផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធា នៅនាយកដ្ឋាន វិស្វកម្ម មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់ , ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ និង ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូចិនសែ។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រាប់ CPC NEWS ថា នៅពេលដែលកម្លាំងចម្រុះកំពុងតែឈរយាម នៅគោលដៅផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នោះ ស្រាប់តែឃើញមនុស្សទាំង៣នាក់ ក្នុងស្ថានភាពស្រវឹង ជិះរថយន្តមកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំ រួចបញ្ជូនខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី តែម្តង ៕

You might like