ពលរដ្ឋថាលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បាន យកកាំភ្លើងបាញ់គោមួយក្បាលងាប់ ព្រោះខឹងគោចូលស៊ីស្មៅ

កំពង់ឆ្នាំង៖តាមប្រភពព័ត៌មាន បានអោយដឹងថា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ មានការចោទប្រកាន់លើ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថា បានយកកាំភ្លើងបាញ់គោមួយក្បាលងាប់ ព្រោះខឹងគោចូលស៊ីស្មៅ ក្នុងសាលាស្រុក ។

ជុំវិញការចោទប្រកាន់ នេះ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បដិសេធ ថា លោកមិនបានបាញ់សម្លាប់សត្វគោរបស់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់តាមបណ្តាញសង្គម នោះទេ ។

ដោយឡែក លោក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ ថ្លែងថា ពិតជាមានករណីគោមួយក្បាលងាប់ នៅមុខសាលាស្រុកពិតមែន គឺ ដោយសារតែ លោកអភិបាលស្រុក គប់នឹងដុំថ្ម ពោលគឺមិនបានបាញ់ដោយកាំភ្លើងឡើយ

លោកអធិការ បន្តថា លោកអភិបាលស្រុកសាមគ្គីមានជ័យ បានសម្របសម្រួលជាមួយម្ចាស់គោរួចហើយ ដោយម្ចាស់គោ យល់ព្រមទទួលយកសំណងជាប្រាក់ចំនួន៤លានរៀល ដើម្បីបញ្ចប់រឿង ។

មជ្ឈដ្ឋានជាច្រើន ចង់អោយស្ថាប័នមានសមត្ថកិច្ចជំនាញ ធ្វើការស៊ើបអង្កេតអោយបានច្បាស់លាស់បន្ថែមទៀត ថា «តើសត្វគោមួយក្បាលនេះ បានស្លាប់ដោយសារគ្រាប់កាំភ្លើង ឬ ស្លាប់ដោយសារគប់នឹងដុំថ្ម» ?

You might like