ក្រោយបញ្ចប់ កូវីដ១៩ នៅកម្ពុជា មានក្រុមហ៊ុនថៃជាង៤០០ នឹងស្វែងរកដៃគូអាជីវកម្មដើម្បីវិនិយោគ

បាងកក៖សមាគម Thai Subcontracting Promotion Association ហៅកាត់ថា Thai Subcon ដែលមានសមាជិក ក្រុមហ៊ុននវានុវត្ត និង ឧស្សាហកម្មសរុបជាង៤០០ក្រុមហ៊ុន កំពុងស្វែងរកដៃគូអាជីវកម្ម និង ឱកាសពង្រីក ប្រតិបត្តិការធុរកិច្ច មកកាន់ប្រទេសកម្ពុជា ។

នេះបើយោងតាមកិច្ចពិភាក្សារវាងលោក Kiattisak Jirakajonvong ប្រធានសមាគម Thai Subcon ជាមួយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។

នៅក្នុងជំនួបតាមប្រព័ន្ធ Video Conference កាលពីរសៀលថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ , ប្រធានសមាគម Thai Subcon បានស្នើសុំស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការរៀបចំកម្មវិធីជំនួបធុរកិច្ច និងទស្សនកិច្ចស្វ័យសិក្សានៅតាម រោងចក្រដែលជាសមាជិក Thai Subcon និងនៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់វិស័យឯកជននៃប្រទេសទាំងពីរ ធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប លោកអ៊ូក សោភ័ណ បានស្វាគមន៍ចំពោះសំណើខាងលើ និងបានជម្រាបជូនប្រតិភូ Thai Subcon អំពីគោលនយោបាយការទូតសេដ្ឋកិច្ច យុទ្ធសាស្ត្រថៃបូក១ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងលើកកម្ពស់បរិយាសធុរកិច្ច-វិនិយោគ ការធ្វើពិពិធកម្មទីផ្សារតាមរយៈការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី ជាមួយប្រទសចិន កូរ៉េខាងត្បូង និងការចូលរួមជាមួយប្លុក RCEP ជាដើម។

ឯកអគ្គរាជទូតកម្ពុជា ក៏បានជម្រាបជូនភាគីថៃ អំពីការរៀបចំបង្កើតឱ្យមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំទីក្រុងបាងកក ដើម្បីជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ថៃ ក៏ដូចជាជំរុញវិស័យទេសចរណ៍ និងវប្បធម៌ សំដៅឆ្លើយតបបំណងប្រាថ្នារបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ទឹកប្រាក់ ១៥ប៊ីលានដុល្លារ នៅក្រោយវិបត្តិជំងឺកូវីដ១៩ ផងដែរ ៕

You might like