រដ្ឋបាលខេត្តកណ្តាលបានទទួលអំណោយពីសប្បុរសជននានា

(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បរសជននានាដែលបាននាំយកអំណោយ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”ក្នុងនោះ៖

១-ឯកឧត្តមឧកញ៉ា ឈន ឆដា និង លោកជំទាវឧកញ៉ា សួង ស្រីទូច អគ្គនាយកក្រុមហ៊ុន ឃ្វីន លីហ្កាសុី គ្រុប បានឧបត្ថម្ភ អង្ករ ០៥តោន មី២០០កេស ម៉ាស់ ៥មុឺន និងថវិការ ៥,០០០ដុល្លារ(ប្រាំពាន់ដុល្លារ)។
២-លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្រ្តីក្រោមឱវាទ បានឧបត្ថម្ភថវិកា ៦,០០០ដុល្លារ(ប្រាំមួយដុល្លារ)។
ស្ថិតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយសុទ្ធចិត្តបំផុត ចំពោះសន្តានចិត្តដ៏សប្បុរស ថ្លៃថ្លារបស់ឯកឧត្តមឧកញ៉ា និងលោកជំទាវ លោក លោកស្រីដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ នៅក្នុងខេត្តកណ្តាល។
ជំនួសមុខឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងជនរងគ្រោះ ជនងាយរងគ្រោះ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះ ឯកឧត្តមឧកញ៉ា និងលោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវព្រះពុទ្ធពរទាំង៤ ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

You might like