ម្ដងនេះលោកអភិបាលខេត្តកំពង់ស្ពឺ ទុកពេលអោយ១សប្តាហ៍ ដើម្បីរុះរើចេញជាបន្ទាន់ផ្ទាំងពាណិជ្ជកម្មស្រាបៀរ ទាំងអស់

កំពង់ស្ពឺ៖លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ទុកពេលអោយ១សប្តាហ៍ ដោយតម្រូវអោយម្ចាស់អាជីវកម្ម ត្រូវរុះរើចេញជាបន្ទាន់ចំពោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ទាំងអស់ គិតចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ ។

នេះបើយោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះ ស្តីពី «ការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ» ។

លោកអភិបាលខេត្តកំពង់ស្ពឺ ថ្លែងថា មានការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ជាច្រើននៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបានធ្វើអោយបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និង សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។

ដូច្នេះ លោកអភិបាលខេត្តកំពង់ស្ពឺ បានស្នើអោយម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅខាងមុខហាង ឬ ជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ ។

ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និង រាល់ការខូចខាត គ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ ៕

You might like