ឃាត់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត៥គីឡូក្រាម នៅខេត្តព្រះវិហារ

ព្រះវិហារ ៖ បុរសជនជាតិឡាវ ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ឆ្លងដែនចំនួន៥គីឡូក្រាម។

យោងតាមអគ្គស្នងកានគរបាលជាតិ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០៖៣២នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ មានការចូលរួម ពីកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ. កម្លាំងរបស់ ប៉ុស្តិ៍កំពង់កំស្រឡៅ នៃវរ:ការពារព្រំដែនលេខ ១០៥. ព្រមទាំងមានការសម្របសម្រួលពី ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត ព្រះវិហារ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីឡាវមកកម្ពុជា តាមផ្លូវទឹក នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១-ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឡាវ។ ទី២-ឈ្មោះ កែវ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឡាវ។

វត្ថុតាងចាប់យកបាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE)៥កញ្ចប់ធំ ទម្ងន់៤គីឡាក្រាម, ៩៨៨.៨៤ក្រាម, មធ្យោបាយដឹកជញ្ជួន ទូកយន្ត ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី៕

You might like