ឡានបែនដឹកដីបើកលឿន ជ្រុលបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យជនជាតិចិនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កណ្តាល៖កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចខាងមុខច្រកចូលបុរីពិភពថ្មី២ លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបែនដឹកដីបើកបរលឿនក៏ជ្រុលបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ទោះបីយ៉ាងណា ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមភ្លាមផងដែរ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចដែល ទើបទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ជនបង្កមានឈ្មោះ សឿន សុម៉ានុត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជនជាតិចិនអាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងរោងចក្រតម្បាញមួយ ស្ថិតនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបាន សមត្ថកិច្ចអះអាងថា ដោយសារតែអ្នកបើកបររថយន្តបែនដឹកដីបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្នជនបង្ក កំពុងត្រូវបានសមត្ថកិច្ចចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

You might like