លោក ឯក ឃុនដឿន៖ ត្រៀមបើកផ្លូវជូនពលរដ្ឋ៦៥គ្រួសារ និងពុះចែកដីឡូត៍ តាមគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ

ភ្នំពេញ ៖ យោងតាមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អភិបាលខណ្ឌឫស្សីកែវថ្មី លោក ឯក ឃុនដឿន បានចុះត្រួតពិនិត្យទីតាំងក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីត្រៀមលក្ខណៈបើកផ្លូវបន្ថែមទៀត និងឈានទៅវាស់វែងកំណត់ព្រំក្បាលដីឡូត៍ ដើម្បីចែកជូនប្រជាពលរដ្ឋ ចំនួន៦៥គ្រួសារ។

ចំពោះការអះអាងបែបនេះ បន្ទាប់ពីលោក ឯក ឃុនដឿន បានចុះសំណេះសំណាលមើលការផ្ដល់សេវាសាធារណៈ និងសួរសុខទុក្ខ ព្រមទាំងឆ្លៀតឧបត្ថម្ភ ក្រមា, អាកុល, ម៉ាស, និងឧបករណ៍វាស់កំដៅ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់លោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង មន្ត្រីសង្កាត់ និងថ្នាក់ដឹកនាំភូមិ ស្ថិតនៅរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ។ ការចុះត្រួតពិនិត្យក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវនេះ ក៏មានការរួមអមដំណើរដោយលោក ប្រាជ្ញ សីហា, លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌផងដែរ។

ជាមួយគ្នានេះ ក្រៅពីសកម្មភាពសមធម៌ និងត្រួតពិនិត្យទីតាំង ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីត្រៀមពុះចែកដីឡូត៍ និងបើកផ្លូវជូនប្រជាពលរដ្ឋ៦៥គ្រួសារ លោកអភិបាលខណ្ឌឫស្សីកែវថ្មីរូបនេះ ក៏បានជុំរុញបន្ថែមឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាចលនាប្រជាពលរដ្ឋ ឱ្យបន្តចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ-១៩ នៃព្រឹត្តិការណ៍សហគម ២០កុម្ភៈ បន្ទាប់ពីរួមគ្នាផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយធានា «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

You might like