រថយន្តបែនគៀរម៉ូតូដួលកិនក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ស្លាប់ ចំណែកម្តាយកូន២នាក់ទៀតរបួសស្រាល!

ភ្នំពេញ ៖ ស្ត្រីម្នាក់ដឹកកូនប្រុស២នាក់មកពីលេងស្រុកកំណេីតបំណងទៅផ្ទះស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបែនដឹកដីគៀរបណ្តាលឱ្យដួលខ្ទៀតកូនម្នាក់ចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម្តាយនិងកូនម្នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយរថយន្តបង្កព្យាយា មបេីករត់បានប្រហែល១គីឡូត៍ដីត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ។

កុមារារងគ្រោះដែលស្លាប់ឈ្មោះស៊ុន ចានី អាយុ៩ឆ្នាំ មានម្តាយឈ្មោះយ៉ាដា អាយុ៣៥ឆ្នាំ ស្នាក់សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ចំណែកតៃកុងរថយន្តបង្កឈ្មោះ ម៉ោ ថេរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណេីតនៅភូមិ ត្រពាំងថ្លក ស្រុករមាហែក ស្វាយរៀង ។

តាមប្រភពព័ត៌មានស្ត្រីជាម្តាយបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HG 1765 ដឹកកូនប្រុស២នាក់ មកពីលេងស្រុកកំណេីតនៅក្រុងតាខ្មៅ បំណងទៅផ្ទះវិញនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3F 3727 ធ្វេីដំណេីរមកពីក្រោយហេីយគៀរម៉ូតូរបស់គាត់បណ្តាលឱ្យដួលខ្ទៀតកូនប្រុសម្នាក់ដែលអង្គុយខាងក្រោយចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង ។

ប្រភពដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីករត់រហូតទៅដល់ស្តុបកប់ស្រូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗតែម្តងនិងឃាត់ខ្លួនតៃកុងរថយន្តមកទៅឃុំខ្លួនបណ្តោះអាសន្ន។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

You might like