ភ្នំពេញ ៖ នាពេលថ្មីៗនេះខណៈដែលជម្ងឺកូវីដ១៩ បានស្ងបមួយរយៈ ស្រាប់តែល្បែងសុីសងគ្រប់ប្រភេទបើកលេងនៅរាជធានីភ្នំពេញយ៉ាងគគ្រឹកគគ្រែង។
ជាក់ស្ដែងល្បែងសុីសងជាច្រើនប្រភេទជ្រកក្រោមផ្លាកភោជនីយដ្ឋានក្រវាន់រាជ្យ តាមបណ្ដោយផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកលេងបានយ៉ាងសុខសាន្ដដោយមិនបានរំខានដល់អាជ្ញាធរខណ្ឌចំការមននោះឡើយ។
ភោជនីយដ្ឋាន ក្រវាន់រាជ្យ បើកលក់តែសម្រាប់បងប្អូនប្រជាពលរដ្ឋចូលពិសានូវភោជនីយអាហារតែប៉ុណ្ណោះ តែផ្ទុយទៅវិញនៅក្នុងភោជនីយដ្ឋានមួយនេះសុទ្ធតែល្បែងសុីសងគ្រប់ប្រភេទ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងកើតជាចម្ងល់ ហើយបានសួរថា តើខាងអាជ្ញាធរខណ្ឌចំការមនពួកគាត់កំពុងធ្វើអ្វីខ្លះ? ល្បែងសុីសងបើកលេងធំប៉ុណ្ណាធំប៉ុណ្ណីមើលមិនឃើញសោះអញ្ចឹង ឬមួយម្ចាស់ល្បែងសុីសងមួយនេះមានឥទ្ធិពលមានអំណាចធំជាងខ្លួនហើយ បានមិនហ៊ានបង្ក្រាបយ៉ាងនេះ។
បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន ទទូចស្នើសុំមកដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញមេត្តា ចាត់កម្លាំងជំនាញប្រើកណ្ដាប់ដៃដែកចុះបង្ក្រាបទីតាំងល្បែងសុីសងគ្រប់ប្រភេទជ្រកក្រោមផ្លាកភោជនីយដ្ឋាន ក្រវាន់រាជ្យមួយនេះផង៕