ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាម ដុះស្លែរ ជាច្រើនកន្លែងក្នុងមូលដ្ឋានខណ្ឌ ៧មករា នៅតែបន្តភាពអណាធិបតេយ្យយ៉ាងគឃ្លើន ដោយមិនទាន់មានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្ក្រាប

ភ្នំពេញ៖ មានទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមដុះស្លែរជាច្រើនកន្លែងនៅមូលដ្ឋានខណ្ឌ៧មករា ដែលគេស្គាល់ម្ចាស់ទីតាំងឈ្មោះ ចែលី កំពុងតែធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ដល់សុខទុក្ខជីវភាពពលរដ្ឋ យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនទាន់ឃើញចុះបង្ក្រាប វាដូចជាអសកម្មពេកហើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមរបស់ចែលីនេះគឺមានច្រើនកន្លែងណាស់ទីតាំងទី១ស្ថិតនៅផ្លូវលេង១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ ទីតាំងទី៣ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២ ទីតាំងទី៤ស្ថិតនៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៤និងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា។

ពលរដ្ឋជាច្រើនបានដាក់ចម្ងល់ថា តើលោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ បានដឹងដែររឺទេ ចំពោះទីតាំងឆ្នោតវៀតណាម ដែលកំពុងតែបង្កព្យុះភ្លៀងឡើងដុះស្លែ ទៅហើយ ទោះក្នុងបរិបទកូរវីដ-១៩ ក៏ដោយ ក៏ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមនេះ នៅតែបើកយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ រឺមួយក៏ម្ចាស់ទីតាំងដាក់សំណែន សែដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបិសាចជារៀងរាល់ថ្ងៃសិល្ប៏ ទើបអស់លោកខ្លាចបានជាមិនចុះបង្ក្រាប។

គួរបញ្ជាក់ផងដែរថាកន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុត្ថិភាពទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍។

នាពេលកន្លងមកនេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿងញៀន ល។ ព្រោះថា បញ្ហាអសន្តិសុខ លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

ពាក់ព័ន្ធទៅនឹងករណីនេះ ពលរដ្ឋជាច្រើន កំពុងរងចាំមើលលោក លឹម ភា អភិបាលខណ្ឌ៧មករា ហើយនិងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ថាមានសមត្ថភាពបង្រ្កាបពពួកបទល្មើសទាំងនេះដែរឬទេ៕

ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើង នឹងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

You might like