ផ្ទុះខ្លាំង សកម្មភាពបទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ តាមច្រករបៀងក្នុងទឹកដីខេត្តត្បូងឃ្មុំ, ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើស បានជនល្មើស ៤នាក់ និងវត្ថុតាងជ្រូករស់ ចំនួន ៣២ក្បាល ។ឲ

នាវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងដោយមានការសហការគ្នារវាង ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការស្ទាក់ចាប់បានរថយន្ដ ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ជាប្រភេទរថយន្ដដឹកអ្នកដំណើរ ១៥កៅអី គ្មានស្លាកលេខ បានលួចដឹកជញ្ជូនជ្រូករស់ដោយខុសច្បាប់ ៣២ក្បាលនាំចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រករបៀងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅក្នុងក្រុងសួង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ ក្នុងសកម្មភាពចុះបង្រ្កាបបទល្មើសនាពេលនោះ ក៏មានការប៉ះទង្គិចគ្នារវាងក្រុមជនល្មើស និងក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ ដោយក្រុមជនល្មើសព្យាយាមបើករថយន្ដរត់គេច រហូតបើកបំបុករថយន្ដរបស់កម្លាំងក្រុមការងារជំនាញ និងមានអ្នកប៉ុនប៉ងមករំដោះមនុស្សថែមទៀតផង ប៉ុន្ដែនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេ ដោយបានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ និងវត្ថុតាងជ្រូករស់ ចំនួន៣២ក្បាល។ បច្ចុប្បន្នជនល្មើសទាំង៤រូប ត្រូវបានមន្រ្ដីជំនាញនាំយកទៅសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកជ្រូករស់ទាំងនោះ បានប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុក និងធ្វើចត្តាឡីស័ក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

ជាការកត់សម្គាល់ សកម្មភាពបទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ ពីប្រទេសវៀតណាម តាមច្រករបៀងនានាក្នុងទឹកដីខេត្តត្បូងឃ្មុំ ហាក់ដូចជាកើតឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដែលក្រុមឈ្មួញទាំងនោះធ្វើសកម្មភាពគ្មានខ្លាចរអាអ្វីបន្ដិចសោះ មិនដឹងថាការនាំចូលដោយខុសច្បាប់នេះ មានពាក់ព័ន្ធនឹងអំពើពុករលួយ ការសូកប៉ាន់ ឬក៏យ៉ាងណានោះទេ តើអាជ្ញាធរខេត្ត មន្រ្ដីជំនាញពាក់ព័ន្ធក្នុងខេត្ត បានដឹងរឿងនេះដែរឬទេ ព្រោះវាពិតជាកំពុងតែកក្រើកខ្លាំងហើយ ជាពិសេសក្នុងទឹកដីខេត្តត្បូងឃ្មុំនេះ។ បើសកម្មភាពនាំចូលនេះនៅតែកើតមានតទៅទៀត វាពិតជារឿងដ៏គួរអោយព្រួយបារម្ភខ្លាំងបំផុត ចំពោះបញ្ហាជំងឺឆ្លងកាចសាហាវលើសត្វ ប៉ះពាល់ដល់ការចិញ្ចឹមរបស់ប្រជាកសិករ ការបំផ្លាញចំណូលសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់កសិករប្រកបរបរចិញ្ចឹមសត្វផងដែរ។

សង្ឃឹមថាថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ នៃមន្ទីរអង្គភាពជំនាញក្នុងខេត្តត្បូងឃ្មុំ នឹងមិនបន្ដឱ្យកើតមានសកម្មភាពដ៏គឃ្លើននេះតទៅទៀតទេ ហើយក៏មិនជឿថាការនាំចូលជ្រូករស់ដោយខុសច្បាប់ និងដោយបើកចំហរនេះ បែរជាគ្មានមន្រ្ដីណាមួយមើលឃើញនោះឡើយ ។ ប្រជាជន សង្ឃឹមលើមន្រ្ដី បើមន្រ្ដីមិនជួយរាស្រ្ដ តើជួយអ្នកណា? អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា « មន្រ្ដីជាអ្នកបម្រើរាស្រ្ដ មិនមែនជាចៅហ្វាយរបស់រាស្រ្ដទេ » ប្រការនេះសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ របស់ខេត្តត្បូងឃ្មុំ នឹងប្រើកណ្ដាប់ដៃដែក បង្រ្កាបនូវរាល់បទល្មើសតូចធំ ជាពិសេសសកម្មភាពបទល្មើសការដឹកជញ្ជូនជ្រូករស់ដោយខុសច្បាប់ ពីប្រទេសវៀតណាម ដែលកំពុងតែកើតមានដូចហែរកឋិន ដោយប្រើវិធានការច្បាប់ខ្លាំងបំផុត៕

You might like