ថៃប្រកាសហាមមិនឲ្យសាច់ជ្រូកនាំចូលពីកម្ពុជាតែជ្រូកនិងគោនាំចូលពីថៃមួយថ្ងៃៗរាប់រយក្បាល(ព័ត៌មានវីឌីអូ)

បន្ទាយមានជ័យ៖ ធុងបាសប្លូធូមួយគ្រឿងត្រូវបានភាគីថៃដាក់តាំងនៅមាត់ច្រកតំបន់ណងព្រឺ ឈមទឹកដីកម្ពុជាច្រកទ្វារតំបន់ព្រំដែនម៉ាឡៃក្នុងខេត្តបន្ទាយមានជ័យ បើកបំពងសំលេងនៅតែប្រកាសពីសេចក្តីជូនដំណឹងហាមនាំចូលជ្រូកមានជីវិតនិងផលិតផលពីសាច់ជ្រូកគ្រប់មុខសូម្បីតែផ្អក ប្រហុកឬចេញពីកម្ពុជាខណៈជ្រូករស់និងគោរួមទាំងសាច់ជ្រូកថៃមួយថ្ងៃៗនាំចូលកម្ពុជា រាប់រយក្បាលនិងរាប់តោនៗ។
ក្នុងសម្លេងនោះថៃបានប្រកាសថា “សេចក្តីជូនដំណឹងបងប្អូនកម្ពុជាដែលធ្វើដំណើរចូលប្រទេសថៃហាមនាំចូលសាច់ជ្រូកគ្រប់មុខដូចជា ណែម សាច់ក្រក ប្រហិត ឬសាច់ប្រឡាក់យកចូលប្រទេសគេជាដាច់ខាត។ បើត្រួតពិនិត្យឃើញសាច់ហាមឃាត់ខាងលើគេនិងធ្វើការដាក់គុកចំនួន2ឆ្នាំ និងពិន័យជាប្រាក់មិនក្រោម២សែនបាត ដែលការប្រកាសនេះគេថាដើម្បីជៀសវាងការឆ្លងមេរោគ(អហ៊ីវ៉ាអាភិកា)នៅក្នុងសាច់ជ្រូកដែលមានការឆ្លងមេរោគនៅកម្ពុជាពេលនេះមិនឲ្យមេរោគនេះឆ្លងចូលទៅប្រទេសរបស់គេ។

សេចក្តីជូនដំណឹងរបស់ថៃនេះមានពលរដ្ឋមួយចំនួនរស់នៅតាមបន្ទាត់ព្រំដែនសម្តែងការប្រតិកម្មថាហាក់មិនស្មើភាពព្រោះពួកគាត់ឃើញជ្រូករស់ និងសាច់ជ្រូក ឬគ្រឿងក្នុងជ្រូកត្រូវគេនាំចូលកម្ពុជាតាមច្រកអន្តរជាតិនិងតំបន់ក្នុងខេត្តបន្ទាយមានជ័យមួយថ្ងៃៗរាប់រយក្បាលនិងទាំងតោនៗ មានទាំងជ្រូករស់ ខ្លះស្លាប់លើរថយន្ត សាច់ជ្រូកធ្វើរួចស្រាប់ ដោយខាងកម្ពុជាមិនបានខ្លាចឆ្លងជំងឺចូលលោកភាគីថៃឡើយ។ ពលរដ្ឋដែលចេញចូលច្រកទ្វារព្រំដែនតំបន់ម៉ាឡៃនិយាយថាតាំងពីភាគីថៃប្រកាសនៅសេចក្តីជូនដំណឹងខាងលើពលរដ្ឋកម្ពុជាមិនអាចនាំសាច់ជ្រូកឬផលិតផលដែលធ្វើពីសាច់ជ្រូកចូលប្រទេសថៃទៅលក់នៅផ្សារណងព្រឺជាប់មាត់ច្រកតំបន់ម៉ាឡៃមិនបានឡើយ សូម្បីតែសាច់ជ្រូកទិញពីទឹកដីថៃយកធ្វើសាច់ក្រកនៅដីខ្មែររួចយកទៅលក់នៅលើដីថៃវិញក៏គេមិនអនុញ្ញាតដែរ។
ជុំវិញការនាំចូលជ្រូកពីថៃតាមច្រកទ្វារតំបន់ព្រំដែនម៉ាឡៃក្នុងមួយថ្ងៃៗប៉ុន្មានក្បាលលោកប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេដោយទូរស័ព្ទចុចចូលជាច្រើនដងគ្មានអ្នកទទួល។
យ៉ាងណាក៏ដោយសេចក្តីប្រកាសរបស់ភាគីថៃចំពោះការហាមនាំចូលសាច់ជ្រូកមានជីវិតនិងផលិតផលធ្វើពីសាច់ជ្រូកនេះយោងការសាកសួរមន្ត្រីនិងសមត្ថកិច្ចជំនាញប្រាប់ថា កើតមានតាំងពីក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិរហូតទល់សព្វថ្ងៃនេះ ច្រកមួយចំនួននៅតែមិនអាចនាំចូលទៅកាន់ប្រទេសថៃបានឡើយ៕

You might like