អភិបាលខេត្តកណ្តាល ពន្យាពេលដង្ហែរក្បួនពានរង្វាន់ជយ័លាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ក្រុងតាខ្មៅ ឆ្នាំ២០២០

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្តាល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានកំណត់យកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០ ជាថ្ងៃជាក់លាក់ ក្នុងការពិធីដង្ហែរក្បួនពានរង្វាន់ជយ័លាភី ទីក្រុង ទេសចរណ៍ស្អាតអាស៊ានលើកទី២ ក្រុងតាខ្មៅ ឆ្នាំ២០២០វិញ។

ការពន្យាពេលប្រារព្វពិធី ដង្ហែរក្បួនយកថ្ងៃទី១៥កុម្ភះ វិញនាពេលនេះ គឺក្នុងបំណង ទុកពេលវេលាអោយអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ទូទាំងក្រុងតាខ្មៅ មានឱកាសគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយអោយប្រជាពលរដ្ឋ របស់ខ្លួន បានយល់ជ្រួតជ្រាបកាន់តែច្បាស់ ពីសូចនករ វាយតម្លៃលើចំណុចណាខ្លះ ? និងផ្អែកលើ គោលការណ៍ណាខ្លះ? ដែលទីក្រុងតាខ្មៅ ទទួលបាន ពានរង្វាន់ជយ័លាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានកំណត់ពន្យាពេលបែបនេះ ក្នុងឱកាសដែលឯកឧត្តម បើកកិច្ចប្រជុំ ជាបន្ទាន់មួយ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ដង្ហែរក្បួនបង្ហាញជាសាធារណៈ ដល់សាធារណៈជន ដើម្បីអបអរសាទរពានរង្វាន់ជយ័លាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ានលើកទី២ ក្រុងតាខ្មៅ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០នេះ។

ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវអោយប្រជាពលរដ្ឋ ក្រុងតាខ្មៅ សហការជាមួយ អាជ្ញាធរ បន្តចូលរួមថែរក្សា និងសំអាតអានាមយ័បរិស្ថាន ទាំងអស់គ្នាដោយវេចខ្ចប់ សំរាម សំណល់រឹង វាវ អោយបានត្រឹមត្រូវ ដោយគ្រប់ទីលំនៅដ្ឋាន ត្រូវមានធុងសំរាម ជៀសវាងការចោលសំរាមពាសវាលពាលកាល បង្កផលប៉ះពាល់ ដល់សោភណ័ភាពទីក្រុង ធ្វើយ៉ាងណាអោយសក្ត័សមជាទីក្រុងទេសចរណ៍ ស្អាតអាស៊ាន។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ មានប្រសាសន៍ថា៖ នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់កម្ពុជាយើង ដោយទីក្រុងទេសចរណ៍របស់កម្ពុជា ចំនួន៣រួមមាន៖ ទីក្រុងតាខ្មៅ ខេត្តកណ្ដាល ទីក្រុងកំពត ខេត្តកំពត និងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលជ័យលាភី ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើង នៅទីក្រុងបេដាសេរីបេកាវ៉ាន់ ប្រទេសព្រុយណេ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

ឯកឧត្តម មានសុទ្ធិដ្ឋិនិយមថា និងយកក្រុងតាខ្មៅ ជាគំរូល្អ សម្រាប់ស្រុកទាំង១០ទៀត ដើម្បីដាក់ជាបេក្ខភាព ប្រឡងប្រណាំង ទីក្រុងស្អាតនៅពេលខាងមុខ។

You might like