មន្រ្ដីក្រុមប្រឹក្សា​ឃុំល្វា​ ស្រុកពួក​ ខេត្តសៀមរាប​ ត្រូវបានគ្លីនិកឯកជន ខេរៈអង្គរ ដាក់សេរ៉ូមបណ្ដាលឲ្យស្លាប់

សៀមរាប៖​ គ្លីនិកឯងជនមួយឈ្មោះ ខេមរៈអង្គរ រងការចោទថា គ្រូពេទ្យគ្មានឯកទេសគ្រប់គ្រាន់ ព្យាបាលមន្ត្រីក្រុមប្រឹក្សាឃុំល្វាម្នាក់ស្លាប់ ខណ:ជនរងគ្រោះឈឺពោះហើយគ្រូពេទ្យដាក់សេរ៉ូម។

ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី៦​ ខែកុម្ភៈ នៅក្នុងមន្ទីរសម្រាកព្យាបាលឈ្មោះខេមរៈអង្គរ ដែលមានទីតាំងរ៉បផ្លូវជាតិលេខ៦ ក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។​

ស្ត្រីស្មៀនឃុំឈ្មោះ​ សួង សែម ដែលជាភរិយារបស់សព បានរៀបរាប់ទាំងទឹកភ្នែកថា នៅថ្ងៃកើតហេតុ ប្តីរបស់គាត់មានសុខភាពល្អ និងបានទៅធ្វើការជាធម្មតា។ លុះអំឡុងម៉ោងជាង១១ថ្ងៃត្រង់ក៏មានអាការ:ឈឺពោះ ហើយដោយការឈឺនោះហាក់ខ្លាំងទៅៗ រូបគាត់ (ប្រពន្ធ) បានដឹកទៅពេទ្យខាងលើ។ ភ្លាមៗពេទ្យបានពិនិត្យហើយឆ្លើយថា មិនទាន់ដឹងកើតអីនោះទេ។ជាមួយនិងចម្លើយបែបនេះ គ្រូពេទ្យបានដាក់សេរ៉ូមដបតូចមួយ លុះសេរ៉ូមជិតអស់ប្តីរបស់គាត់ទន់ដៃជើងសន្លប់ ទើបគាត់សុំឲ្យជួយដឹកទៅកាន់ពេទ្យបង្អែកខេត្ត។ប៉ុន្តែអកុសលប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់នៅទីនោះ មុនពេលបញ្ជូនទៅទីរួមខេត្តបាត់ទៅហើយ។

ស្ត្រីជាប្រពន្ធសពបានបន្តថា ពេទ្យឯកជនភាគ​ច្រើន គ្រូពេទ្យគ្មានលក្ខណៈគ្រប់គ្រាន់ គ្មានអ្នកឯកទេសនោះឡើយព្យាបាលចម្រុះ ខុសពីគ្រូពេទ្យរបស់រដ្ឋ។ ជម្ងឺអ្វីក៏ដាក់សេរ៉ូមដែរ។ករណីនេះអ្នកស្រី មិនបានប្តឹងផ្តល់វែងឆ្ងាយ ព្រោះខ្ចិលចុះឡើងខាតពេល។

នៅថ្ងៃដដែល លោកវេជ្ជបណ្ឌិតឯម សុខុម អ្នកទទួលខុសត្រូវនឹងជាម្ចាស់គ្លីនិកឯកជន ខេមរៈអង្គរ មិនបានចេញមុខមកបកស្រាយពន្យល់នោះទេ គឺនៅសម្ងំស្ងៀមក្នុងបន្ទុប់។

ជាមួយគ្នានេះ មន្ត្រីនគរបាលប្រឆាំងបទល្មើសម្នាក់បានលើកឡើងថា រូបគាត់ធ្លាប់ចុះបង្ក្រាបនិងឆែកឆេរតាមបណ្តាគ្លីនិកពេលកន្លងមក គឺតែងជួបស្ទើគ្រប់គ្លីនិកទៅហើយ វេជ្ជបណ្ឌិតអ្នកឈរឈ្មោះបើកអាជីវកម្ម ប៉ុន្តែ អ្នកនៅព្យាបាលជម្ងឺជាប្រចាំ ត្រឹមតែមន្ត្រីពេទ្យធម្មតាប៉ុណ្ណោះ។ ហេតុដូច្នេះហើយ អ្នកជម្ងឺតែងជួបគ្រោះថ្នាក់ គឺដោយសារហេតុផលដូចខាងលើយ៉ាងចឹង។

ក្នុងករណីនេះ លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រាល់បណ្តាគ្លីនិកឯកជននៅតាមបណ្ដាស្រុក គឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្តទេ គឺស្រុកជាអ្នកគ្រប់គ្រងនិងចេញអាជ្ញាប័ណ្ណ ចឹងរឿងអាជីវកម្មមានច្បាប់ឬអត់ច្បាប់គឺ​ ស្ថិតនៅលើអាជ្ញាធរស្រុក។ តាមសម្ដីរបស់សមត្ថកិច្ចជំនាញម្នាក់បានឲ្យដឹងថា ក្នុងករណីនេះលោកនឹងដាក់ឲ្យសមត្ថកិច្ចតាមដាននិងស្រាវជ្រាវករណីខាងលើនេះឲ្យបានច្បាស់លាស់។
បងប្អូនប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកប្រធានមន្ទីសុខាភិបាលខេត្តសៀមរាបមេត្តាត្រួតពិនិត្យនៅតាមបណ្ដាគ្លីនិកឯកជនបណ្ដាស្រុកនានាក្នុងខេត្តសៀមរាបផង​ ព្រោះជីវិតមនុស្សមិនមានល់ក់នៅលេីទីផ្សាទេ៕

You might like