អភិបាលខេត្ត​កណ្តាល ទើប​តែងតាំង​ថ្មី ចូលកាន់​តំណែង​ជា​ផ្លូវការ​ហើយ​!

(​ភ្នំពេញ​)៖ ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាល​ថ្មី នៃ​ខេត្តកណ្តាល គឺ​ឯ​ឧ​ត្ត​ម គង់ សោ​ភ័​ណ្ឌ អតីត​អភិបាលរង​ខេត្ត ត្រូវបាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ពិធី​ប្រកាស​ចូលកាន់​តំណែង​នេះ បានធ្វើ​ឡើង នៅ​សាលា​ខេត្តកណ្តាល​។​

​សូម​រម្លឹកថា ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​ជា​អភិបាលខេត្ត​កណ្តាល ជំនួស​លោក ម៉ៅ ភិ​រុណ​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​ផ្លាស់ប្តូរ​អភិបាលខេត្ត​កណ្តាល ធ្វើ​នៅ​ព្រះបរមរាជវាំង ចុះ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​សូម​ជម្រាបជូន​ថា ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ជា​អតីត​អភិបាលស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុនពេល​ឯកឧត្ដម កាន់តំណែង​ជា​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល មកដល់​សព្វថ្ងៃនេះ​។​

​កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង លោក ម៉ៅ ភិ​រុណ ជា​អភិបាល​ខេត្តកណ្តាល សម្រាប់​អាណត្តិ​ទី​២​។​

​សូម​រម្លឹកថា លោក ម៉ៅ ភិ​រុណ បាន​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្តកណ្តាល ជំនួស​លោក ផៃ ប៊ុន​ឈឿន កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤​។ មុន​ឡើង​ធ្វើជា​អភិបាល​ខេត្តកណ្តាល លោក ម៉ៅ ភិ​រុណ ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល ហើយ​លោក ក៏​ជា​អតីត​អភិបាល​ខេត្តកណ្តាល ផងដែរ​។​

​នៅពេល​ផ្ទេរតំណែង​អភិបាលខេត្ត​ជូន​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ នៅពេលនេះ ឯកឧត្តម ម៉ៅ ភិ​រុណ ត្រូវបានតែងតាំង​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល​ឡើងវិញ​។

សូមរម្លឹកបន្ថែមថា ក្នុង​ពិធី​​​ប្រកាសចូលកាន់​តំណែង​អភិបាល​ខេត្តកណ្តាល ​ឯកឧត្តម គង់ សោភ័ណ្ឌ នាព្រឹក​ថ្ងៃទី០៤ ​ខែមីនានេះ​ ក៏បាន​​ប្រកាស​អនុក្រឹត្យ​ ចុះ​ថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០២០​​ តែង​តាំង​​ឯកឧត្តម ​នុត ​ពុធដារ៉ា​ ពី​អភិបាល​រង​​​ខេត្ត​​ក្រចេះ​​ ចូល​កាន់​តំណែង​ ជាអភិបាលរង​ខេត្ត​កណ្តាល ផង​ដែរ​៕

You might like