រឿងរ៉ាវករណីលោក ព្រាប សុវត្ថិ ដែលប្រជាពលរដ្ឋជាង៧០គ្រួសារ នាំគ្នាផ្ទុះការតវ៉ានោះ ត្រូវបានដោះស្រាយបញ្ចប់ហើយ

ភ្នំពេញ ៖ ក្រោយពីប្រជាពលរដ្ឋជាង៧០គ្រួសាររស់នៅជុំវិញផ្ទះលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងល្បីឈ្មោះម្នាក់ របស់ផលិតកម្មហង្សមាស បាននាំគ្នាផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរសង្កាត់គោកឃ្លាង និងអាជ្ញាធរខណ្ឌសែនសុខ ជួយរកដំណោះស្រាយជូនពួកគាត់នោះ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ លោក ព្រាប សុវត្តិ បានចេញមុខធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋនឹងអាជ្ញាធរខណ្ឌសែនសុខ នឹងព្រមទទួលយកនូវសំណូមពរទាំង៣ចំណុច ដែលបងប្អូនប្រជាពលរដ្ឋ និងបានធ្វើកិច្ចសន្យាដោយផ្តិតមេដៃនៅចំពោះមុខសមត្ថកិច្ចទៀតផង។

លោក ព្រាប សុវត្តិ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានផងដែថា អ្វីដែលបងប្អូនប្រជាពលរដ្ឋធ្វើការតវ៉ានោះ គឺរូបលោកមិនបានដឹងអ្វីទាល់តែសោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបញ្ហានេះ ត្រូវបានបញ្ចប់ដោយភាគីខាងប្រជាពលរដ្ឋ នឹងលោក ព្រាប សុវត្តិ បានជួបដោះស្រាយគ្នា ជាមួយនឹងអាជ្ញាធរខណ្ឌសែនសុខ រាល់សំណូមពរទាំង៣ចំណុចនោះហើយ។

គួរំលឹកថា កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុម៣ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ តំណាងប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ បានឲ្យដឹងថា អ្វីដែលពួកគាត់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយនោះ គឺដោយសារតែពួកគាត់ក្តៅក្រហាយនឹងបុគ្គលម្នាក់ ឈ្មោះ ព្រាប សុវត្ថិ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មហង្សមាស តែងតែបង្កការរំខានដល់ពួកគាត់ស្ទើររៀងរាល់ថ្ងៃ។ ដូច្នេះហើយ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ចំណុចគឺ ១- ឈប់ឲ្យគាត់ធ្វើរបងបំពានលើផ្លូវសាធារណៈ, ២- ឈប់ធ្វើរោងឈើបិតផ្លូវ, ៣- ឈប់ចតរថយន្តបិតផ្លូវ គ្មានសណ្តាប់ធ្នាប់ និង៤- ឈប់រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដែកពួនមិនបាន។

ពាក់ព័ន្ធករណីនេះ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា លោកបានឲ្យមន្ត្រីរបស់លោកអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលជាតំណាងមកសាលាខណ្ឌ ដើម្បីដោះស្រាយហើយ នៅរសៀលថ្ងៃខែឆ្នាំដដែលនេះ ខណៈភាគីលោក ព្រាប សុវត្ថិ មិនមានតំណាងចូលរួមដោះស្រាយ តែលោកអភិបាលខណ្ឌសន្យាថា នឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមកតវ៉ាឲ្យខាងតែបាន៕

You might like