លោក ឃ្លាំង ហួត  អភិបាលខណ្ឌឫស្សីកែវ បានបំភ្លឺនិង ច្រានចោលការលើកឡើងពីចំណាត់ការ ដែលតម្រូវឱ្យម្ចាស់ផ្សារឡាក់គីជ្រោយចង្វារប្តូរទីតាំង, ពេលសុំច្បាប់ គឺចង់សាងសង់អាហារដ្ឋាន និងកន្លែងលាងឡាន លុះពេលសង់ចប់ ចេញជាផ្សារទៅវិញ

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ប្រាប់ថា ចំពោះចំណាត់ការឱ្យម្ចាស់ផ្សារឡាក់គី សាខាជ្រោយចង្វារផ្លាស់ប្តូរទីតាំង ពីរង្វង់ជ្រោយចង្វារ ដោយសារតែម្ចាស់ផ្សារខាងលើ បានធ្វើខុសចំពោះការស្នើសុំទៅអាជ្ញាធរខណ្ឌ ពោលពេលដែលដាក់ពាក្យស្នើសុំច្បាប់នោះ គឺសាងសង់ជាអាហារដ្ឋាន និងកន្លែងលាងរថយន្ត ប៉ុន្តែពេលសាងសង់រួច ចេញជាផ្សារទៅវិញ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ព្រោះតែគ្មានចំណតរថយន្ត។
ការចេញមកបញ្ជាក់របស់លោក ឃ្លាំង ហួត បានធ្វើឡើងបន្ទាប់មានការចោទប្រកាន់នានាមកលើរូបលោក និងអាជ្ញាធរខណ្ឌតាមបណ្តាញសង្គម ពីចំណាត់ការបែបនេះ ដោយអ្នកខ្លះថា សាងសង់អស់លុយរាប់ម៉ឺនដុល្លារបែរជាឲ្យប្តូរទីតាំង ខណៈខ្លះទៀតថា ពេលសាងសង់ ហេតុដូចម្តេចមិនទៅហាមឃាត់?
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ អភិបាលខណ្ឌជ្រោយចង្វារ បានជម្រាមជូនម្ចាស់ក្រុមហ៊ុនផ្សារឡាក់គីថា «ទីតាំងផ្សារឡាក់គី សាខាខណ្ឌជ្រោយចង្វារនេះ គឺមិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើបឡើយ ដោយសារតែទីតាំងមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បង្កឱ្យមានការកកស្ទះចរាចរនៅរង្វង់មូលព្រហ្មបាយ័ន។ ដូច្នេះដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ រដ្ឋបាលខណ្ឌ តម្រូវឱ្យម្ចាស់ផ្សាររកទីតាំងថ្មី ដែលសមស្របដោយទុកពេលឱ្យ ០១ខែ ចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង»។
ជាមួយគ្នានេះលោកក៏សូមសាធារណជនទាំងអស់កុំឱ្យមានការយល់ច្រឡំ ចំពោះការឱ្យម្ចាស់ផ្សារខាងលើរើទីតាំង ដោយសារតែទីតាំងខាងលើគ្មានស្តងដារ សម្រាប់ការសាងសង់ជាផ្សារទំនើបនោះឡើយ៕

You might like