សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ នៅខេត្តពោធិសាត់

ខេត្តពោធិសាត់÷នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯឧ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។

ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២.១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុប ១៣២.៨០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់នានា និងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ទន្ទឹមនឹងការដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និង ឯឧ វ៉ាង វិនធៀន នឹងប្រកាសបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលមានប្រវែងសរុប ១៩៨.៧១គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

You might like