ទីបំផុតលោក មហាធៀ ទទួលស្គាល់បរាជ័យហើយអះអាងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី នឹងទទួលការគាំទ្រពីសភាជាតិ

លោក មហាធៀ ធ្វើការកត់សម្គាល់ខាងលើ ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយកាសែតជាភាសាម៉ាឡេ ស៊ីណា ហារីយ៉ាន (Sinar Harian) ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះ។ នៅក្នុងបទសម្ភាសន៍ អ្នកនយោបាយជើងចាស់រូបនេះ បានទទួលស្គាល់ថា លោកលែងទទួលបានការគំាទ្រភាគច្រើននៅក្នុងសភាទៀតហើយ បន្ទាប់អ្នកគាំទ្ររូបលោកមួយចំនួន បោះបង់រូបលោកចោល ដោយរត់ទៅជាមួយក្រុមលោក Muhyiddin។

លោក មហាធៀ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងធ្លាប់ទទួលបានសំឡេងច្រើន ១១៤អសនៈ (ក្នុង ចំណោមសមាជិកសភា ២២២នាក់) ប៉ុន្តែ យើងបែរជាបាត់បង់សំឡេងភាគច្រើនបែបនេះទៅវិញ… ដូច្នេះការបោះឆ្នោតដកសេចក្ដីទុកចិត្ត (ពីលោក Muhyiddin) នឹងមិនទទួលជោគជ័យឡើយ ដោយសារតែអ្នកធ្លាប់គាំទ្រខ្ញុំ បានបោះបង់ខ្ញុំ ហើយរត់ទៅចុះចូលជាមួយគាត់»

លោក មហាធៀ មហំាម៉ាត់ បច្ចុប្បន្នមានអាយុ ៩៤ឆ្នាំ ដែលធ្លាប់កាន់អំណាចពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ ហើយត្រឡប់មកកាន់អំណាចជាថ្មី នៅឆ្នាំ២០១៨ បានសម្រេចចិត្តលាលែង ចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកុម្ភៈ មួយថ្ងៃបន្ទាប់ពីលោក Muhyiddin សមាជិកនៅក្នុងបក្សរបស់លោក ងាកទៅចុះចូលជាមួយគណបក្សប្រឆាំង UMNO និងគណបក្ស PAS ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ដែលលោក មហាធៀ ផ្ទាល់ហៅថា «គឺជាទង្វើក្បត់»

គួរបញ្ជាក់ថា លោក Muhyiddin ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំង នាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២០។ ដោយឡែកសម័យប្រជុំសភា នៃប្រទេសម៉ាឡេស៊ីត្រូវបានប្រធានសភា សម្រេចលើកទៅធ្វើនៅអំឡុងខែឧសភាខាងមុខនេះវិញ បន្ទាប់ពីលោក Muhyiddin សរសេរលិខិតមួយដើម្បីស្នើសុំឲ្យពន្យារ ក្នុងនាមលោកជានាយករដ្ឋមន្ត្រី៕

You might like