កំពង់ធំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រួតពិនិត្យរបាយការណ៍ វឌ្ឍនភាពការងារគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា កិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យកិច្ចការងារ ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក ដើម្បីរកឲ្យឃើញចំណុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម ដើម្បីប្រជុំដកបទពិសោធន៍ វាយតម្លៃទៅលើកិច្ចការងារទាំងនោះ ហើយជ្រើសរើសចំនុចល្អសម្រាប់លើកទិសដៅអនុវត្តបន្ត ។ សំដៅធ្វើយ៉ាងណាបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទដែលអាចកើតមានឡើងក្នុងមូលដ្ឋាន ឃុំ-សង្កាត់ ដើម្បីថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ស្របតាមគោលនយោបាយ”ភូមិ-ឃុំ” មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ថែមពីកិច្ចកាងារខាងលើនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំ ទទួលការងារជំនាញ សូមពង្រឹងវិធានការជំនាញសមត្ថភាពជំនាញ របស់ខ្លួនឲ្យបានខ្លាំងក្លាបន្ថែមទៀត ស្របតាមគោលការណ៍ ចង្អុលបង្ហាញណែនាំរបស់ថ្នាក់ដឹកនាំយ៉ាងមានប្រសិទ្ធភាព ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺ COVID-19 ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពី វិធានការបង្ការការឆ្លងរាលដាលវីរុស COVID-19 ៕