សត្វគោ​ ០៦ក្បាល​ ត្រូវបានរន្ទះកំណាច​ បាញ់ឲ្យស្លាប់​ ខណៈពួកវាកំពុងស៊ីស្មៅ

ខេត្តពោធិ៍សាត់ ៖​ រន្ទះកំណាច បាញ់ឆក់យកជីវិតសត្វគោ​ ០៦ក្បាល​ ដែលពួកគេកំពុងស៊ីស្មៅ។ ឧបទ្ទវហេតុនេះកើតឡើងនៅថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២:០០នាទី​ ស្ថិតត្រង់ចំណុចកោះយ៉ា ក្នុងភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាន​ បានឲ្យដឹងថា មុនពេលកើតហេតុ​ គេសង្កេតឃើញផ្ទៃមេឃមានពណ៌ខ្មៅ​ លាយឡំនឹងខ្យល់បក់រវិចៗ​ មួយសន្ទុះក្រោយមក​ ក៏ស្រាប់តែមេឃធ្លាក់ភ្លៀង រីឯសត្វគោ​ ០៦ក្បាល​ ក៏កំពុងដើរស៊ីស្មៅជាធម្មតា ចៃដន្យអាក្រក់សត្វគោទាំងនោះ​ ក៏ត្រូវរន្ទះកំណាច បាញ់សម្លាប់ទាំងអស់​ ធ្វើម្ចាស់របស់វាមានការស្តាយស្រណោះយ៉ាងពន់ពេក។

តាមការរៀបរាប់របស់លោក គង់ ហុង​ អាយុ៥៨ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ដែលជាម្ចាស់សត្វគោ​ បានឲ្យដឹងថា ក្នុងចំណោមសត្វគោរបស់គាត់​ ដែលត្រូវរន្ទះបាញ់ស្លាប់​ មានឈ្មោល​ ២ក្បាល​ ក្រៅពីនោះសុតតែញី៕

You might like