ខេត្តបន្ទាយមានជ័យ ៖ ក្នុងរយៈកាលនៃការបិទព្រំដែនកម្ពុជា-ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ តែគេសង្កេតឃើញថា ទំនិញខុសច្បាប់ដែលខូចគុណភាព ពិសេសគឺទំនិញគ្រឿងក្នុងជ្រូក ត្រូវបានសមត្ថកិច្ចបង្រ្កាបជាបន្តបន្ទាប់ នៅតែមានលួចនាំចូលពីប្រទេសថៃ។
ជាក់ស្តែង រថយន្ត ០១គ្រឿង ផ្ទុកគ្រឿងក្នុងជ្រូកចម្រុះ ចំនួន ០៩កេស មានទម្ងន់ស្មើ ៥៤០គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាបចាប់ឃាត់បាន នៅលើផ្លូវកំណាត់ជាតិលេខ៥ ត្រង់ចំណុចចម្ងាយ ១០០ម៉ែត្រ ខាងកើតស្ពានទឹកថ្លា ស្ថិតក្នុងភូមិសាស្ត្រ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១:១៥នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ។
លោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យកម្លាំងនគរបាលការិយាល័យជំនាញ ធ្វើការទប់ស្កាត់នូវរាល់ទំនិញខូចគុណភាព ពិសេសគឺខុសនឹងសារាចរលេខ០៧ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជម្ងឺឆ្លង និងវិធានការនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺនាំចូលខុសច្បាប់ពីប្រទេសថៃ តាមច្រករបៀងដោយខុសច្បាប់ និងការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ ដែលជាហេតុបង្កផលប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកទទួលទាន។ ជាលទ្ធផល វេលាម៉ោង ១:១៥នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាបរថយន្ត ០១គ្រឿង ម៉ាកតូយូតា Sienna ពណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7392 បើកបរដោយឈ្មោះ សាយ ជៀន ភេទប្រុស អាយុ៥២ឆ្នាំ នៅក្រុងភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញ គ្រឿងក្នុងជ្រូកចម្រុះ ចំនួន ០៩កេស មានទម្ងន់ស្មើ៥៤០គីឡូក្រាម។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា តាមការសាកសួរចម្លើយពីឈ្មោះ សាយ ជៀន ជាអ្នកបើកបររថយន្ត បានប្រាប់សមត្ថកិច្ចថា ខ្លួនស៊ីឈ្នួលដឹកឲ្យគេ ក្នុងតម្លៃ ០១កេស ៣០.០០០រៀល ពីចំណុចផ្សារត្រី ក្នុងក្រុងប៉ោយប៉ែត ទៅដល់ក្រុងភ្នំពេញ ហើយគ្រឿងក្នុងជ្រូកទាំងអស់នេះ បើតាមការឲ្យដឹងពីអ្នកម៉ូតូឌុប ថាយកមកពីថៃតាមច្រករបៀងនៅស្រុកម៉ាឡៃ។
លោកវរសេនីយ៍ទោ យឹម នី បានបញ្ជាក់ឲ្យដឹងទៀតថា ការវេចខ្ចប់គ្រឿងក្នុងជ្រូកទាំងអស់នេះ គឺខុសលក្ខណៈបច្ចេកទេស ដែលនាំឲ្យខូចគុណភាព។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះដែរ កម្លាំងនគរបាលជំនាញ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញការិយាល័យពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្ត នាំយកគ្រឿងក្នុងជ្រូកទាំងអស់នេះ ទៅធ្វើការកំទេចចោល។ ចំណែកអ្នកបើកបររថយន្ត កម្លាំងនគរបាល នឹងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕