កណ្ដាល៖ រដាដរដ្ឋបាលស្រុកខ្សាច់កណ្តាល បានប្រារព្ធពិធីប្រគល់ ទទួលអគាររដ្ឋបាល អគារសាលប្រជុំសាលាស្រុកចំនួន០៣ និងអគាររដ្ឋបាលឃុំចំនួន១០ ក្នុងខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។
ការទទួលបាននូវសមិទ្ធិផលថ្មី រួមមានអាគាររដ្ឋបាល និងសាលប្រជុំ របស់ស្រុកខ្សាច់កណ្ដាល នាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់មូលដ្ឋានឲ្យមានអគារធ្វើការសមរម្យ ឆ្លើយតបនឹងរចនាសម្ព័ន្ធថ្មីដែលទើបបានធ្វើសមារណកម្ម ដើម្បីធានាបានក្នុងការបំរើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងពិធីប្រគល់ទទួលអគាររដ្ឋបាលអាគារសាលប្រជុំនៃស្រុកចំនួន៣ និងអាគារដ្ឋបាលឃុំចំនួន១០ ក្នុងខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងក្រសួងមហាផ្ទៃ អភិបាលរងខេត្ត អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តមអភិបាលបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលខេត្តកណ្ដាល បច្ចុប្បន្ននេះបាននឹងកំពុងខិតខំយ៉ាងខ្លាំងក្នុងការកែប្រែឥរិយាបថជាវិជ្ជមាន របស់មន្ត្រីពីអ្នកគ្រប់គ្រងឱ្យទៅជាអ្នកផ្ដល់ និងបម្រើសេវានានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ប្រកាន់ខ្ជាប់និងឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវារដ្ឋបាលសាធារណៈ ធ្វើយ៉ាងណារួមសាមគ្គីភាពគ្នាឲ្យសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈកសាងនិងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចំរើនគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការប្រគល់ទទួលអគារ នៅពេលនេះគឺបានបញ្ជាក់ថា ការដ្ឋានសាងសង់របស់យើងបានបញ្ចប់ហើយ គឺរដ្ឋបាលស្រុក-ឃុំអាចចូលបម្រើការងារជាបណ្ដោះអាសន្ន ចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនឹងប្រព្រឹត្តទៅនាពេលការដ្ឋានសាងសង់ទាំងអស់នៃគម្រោងបានបញ្ចប់ជាស្ថាពរ ក្រោមអធិបតីភាពសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕